ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ឧបត្ថម្ភថវិកា៧ម៉ឺនដុល្លារសម្រាប់សាងសង់ដំបូលផ្សារសំរោងយ៉ោងជូនអាជីវករលក់ប៉ុណ្ណោះអាសន្

ខេត្តតាកែវ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាព និងចុះសួរសុខទុក្ខអាជីវករ ក្រោយអគ្គិភ័យឆេះផ្សារសំរោងយ៉ោង ស្ថិតក្នុងស្រុកបាទី។

ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រីបានសម្រេចឧបត្ថម្ភថវិកាចំនួន៧ម៉ឺនដុល្លារ ដើម្បីសាងសង់ដំបូលតូបជូនអាជីវករលក់ដូរប៉ុណ្ណោះអាសន្ន។ ទន្ទឹមនោះ ឯកឧត្តមក៏បានណែនាំឲ្យបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាក្នុងការសាងសង់តូបលក់ដូរឡើងវិញ ប៉ុន្ដែអាជីវករជាអ្នកចេញថ្លៃខ្លួនឯងសម្រាប់ការធ្វើតូប។

សូមជម្រាប់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ផ្សារសំរោងយ៉ោង ស្ថិតលើផ្លូវជាតិលេខ២ ក្នុងស្រុកបាទី ខេត្តតាកែវត្រូវបានអគ្គិភ័យឆេះបំផ្លាញតូបអស់២៣០តូប គិតជាទឹកប្រាក់ខ្ទង់លានដុល្លារ, សមត្ថកិច្ចប្រើទឹកជិត១០០ឡាន ទើបគ្រប់គ្រងបាន។

បើតាមការវាយតម្លៃអាជ្ញាធរ និងសមត្ថកិច្ចបានអះអាងថា ទំហំនៃការខូចខាត ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ គិតជាទឹកប្រាក់ប្រមាណ២លានដុល្លារអាមេរិក។ ប្រភពបានអះអាងថា អគ្គិភ័យនេះកើតឡើងដោយសារតែឆ្លងចរន្ដអគ្គិសនី៕