
មេឈ្មួញឈើនៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួនតាមច្រកដាក់ ដាំ យ៉ាងគគ្រឹកគគ្រេង អាជ្ញាធរ និងសមត្ថកិច្ច មិនហ៊ានបង្ក្រាប
ខេត្តកណ្តាល, ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០
ដោយ៖ ថៃ ប៊ុនរិទ្ធ
សេចក្តីរាយការណ៍ពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វេភាគីដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញនៅតែអាចដឹកជញ្ជូនឈើចេញពីតំបន់អភិរក្សជីវៈចម្រុះកែវសីមា ស្រុកកែវសីមា និងពីតំបន់ផ្សេងៗទៀតចេញទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងរលូន។
ប្រភពបានឲ្យដឹងទៀតថា លោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ ជាអ្នកមានសិទ្ធិអំណាចធំធេងជាងគេក្នុងការបើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន។ ចំណែកលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បណ្តោយឲ្យលោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ ធ្វើអ្វីៗតាមអំពើចិត្ត ហើយលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី សម្ងំស្ងាត់ឈឹង។
សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ឈ្មួញឈ្មោះ ម៉ាប់ ឈ្មួញឈ្មោះ សុឃុន និងឈ្មួញឈ្មោះ តាឌី ជាដើមនៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកកែវសីមា ស្រុកអូររាំង និងស្រុកពេជ្រាដា ចេញទៅស្រុកយួនយ៉ាងរលូនគ្មានញញើតអ្វីទាំងអស់។
ប្រការនេះហើយដែលធ្វើឲ្យព្រៃឈើនៅសេសសល់ក្នុងស្រុកកែវសីមា ស្រុកអូររាំង ស្រុកពេជ្រាដា និងស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវប្រឈមនឹងសេចក្តីវិនាស ព្រោះប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងលោក អ៊ុំ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បណ្តោយឲ្យបទល្មើសព្រៃឈើកើតឡើងគ្មានទីបញ្ចប់។
មានឈ្មួញខ្លះទៀតដឹកជញ្ជូនឈើពីស្រុកកោះញែក និងស្រុកកែវសីមា ចូលទៅស្រុកស្នួល ខេត្តក្រចេះ យ៉ាងពេញបន្ទុកព្រោះមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធគិតតែពីរឿងប្រមូលលុយប៉ុណ្ណោះ។
សកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តមណ្ឌលគិរី បានអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី ជាបន្ទាន់។
ដោយហេតុថា មួយរយៈចុងក្រោយនេះព្រៃឈើនៅក្នុងតំបន់អភិរក្សជីវចម្រុះកែវសីមា និងនៅតំបន់អូរហ៊ុច រងការបំផ្លាញយ៉ាងមហន្តរាយឲ្យឈ្មួញធំៗអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូន។
ជាងនេះទៅទៀតលោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ នៅតែបើកបារ៉ាស់ឲ្យឈ្មួញធំៗដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងពេញបន្ទុកព្រោះលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើប្រកបដោយប្រសិទ្ធភាពឡើយ៕