ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ដឹកនាំ​មន្ត្រី អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ឧបាសិកា ឌិន ឯម

ខេត្ត​កណ្តាល ៖ រសៀល​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ដឹកនាំ​មន្ត្រីរាជការ​រដ្ឋបាល​ខេត្ត គណៈ​អភិបាលស្រុក​-​ក្រុង ទាំង​១១ និង​ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ឧបាសិកា ឌិន ឯម ដែល​ត្រូវជា​ញោម របស់​ព្រះ​ឃោស​ធម្ម លន់ សុគន្ធា ព្រះ​រាជាគណ​ថ្នាក់​ទោ សមាជិក​ថេរ​សភា​សង្ឃ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា អនុប្រធាន​លេខាធិការដ្ឋាន​គណ​សង្ឃនាយក ប្រធាន​ផ្នែក​ពុទ្ធិក​មធ្យមសិក្សា នៃ​អគ្គាធិការដ្ឋាន​ពុទ្ធិក​សិក្សា​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​វិន័យធរ​គណ​ខេត្ត ព្រះ​អនុគណ ស្រុក​ខ្សាច់កណ្តាល នឹង​ជា​ព្រះចៅអធិការ​វត្ត​ស្វាយជ្រុំ ដែល​បាន​ទទួល​អនិច្ចធម្ម កាលពី​ថ្ងៃ​សុក្រ ៧​កើត ខែ​កត្តិក ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ១២​ៈ​៣០​នាទី​ថ្ងៃត្រង់ ក្នុង​ជន្មាយុ ៨៤​ឆ្នាំ ដោយ​ជរាពាធ ។​

​នា​ឱកាស​ពោរពេញ​ដោយ​ស​មានទុក្ខ និង​ដោយ​សេចក្ដីសោកស្ដាយ​ជា​ពន់ពេក ឯកឧត្ដម​អភិបាលខេត្ត បាន​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​ព្រះ​ឃោស​ធម្ម លន់ សុគន្ធា ព្រះចៅអធិការ​វត្ត​ស្វាយជ្រំុ ចំពោះ​ការបាត់បង់​ឧបាសិកា ឌិន ឯម ដែល​ជា​បាត់បង់​នូវ​សមាជិក​គ្រួសារ​មួយរូប ដែល​ត្រូវជា​មាតា ជីដូន ជី​ទួត ជា​ទីស្រឡាញ់ ប្រកប​ដោយ​កត្តញ្ញូតាធម៌ ដ៏​ប្រពៃ​ថ្លៃថ្លា​ព្រមទាំង​ជា​ពុទ្ធសាសនិក​ដ៏​ឆ្នើម​មួយរូប ដែល​ជា​ទាយាទ នៃ​ពុទ្ធសាសនិក​ពិតៗ ។​

​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ឧបាសិកា ឌិន ឯម ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​ចូល​បច្ច័យ​ចំនួន ២​លាន​រៀល ។​