
បនល្បែងសង្វៀនជល់មាន់ វង់អាប៉ោង យូគី ស៊ីសងកើតឡើងពេញបន្ទុកក្នុងក្រុងបានលុង ខេត្តរតនគិរី ធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភពីបញ្ហាអសន្តិសុខសង្គម
ខេត្តរតនៈគិរី ដោយ៖ ថៃ ប៊ុនរិទ្ធ ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២០
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងសង្កាត់យក្ខឡោម និងសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។ ដោយហេតុថា លោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលកើតឡើងយ៉ាងគំហុកនោះទេ។ ផ្ទុយទៅវិញលោក ថង សាវុន និងលោក យិន ចំណាន បណ្តោយឲ្យសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរមូលដ្ឋានធ្វើអ្វីៗតាមអំពើចិត្ត មិនខ្វល់ពីការភ័យខ្លាចរបស់ប្រជាពលរដ្ឋនោះទេ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិភ្នំធំ សង្កាត់យក្ខឡោម ក្រុងបានលុង បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានសង្វៀនបញ្ជល់មាន់និងវង់អាប៉ោងយូគីទ្រង់ទ្រាយធំបើកដំណើរការយ៉ាងរលូន ព្រោះសមត្ថកិច្ចនគរបាលសង្កាត់យក្ខឡោម និងអធិការនគរបាលក្រុងបានលុង មិនចាត់វិធានការបង្ក្រាបឡើយ។
ចំណែកប្រភពពីប្រជាពលរដ្ឋក្នុងភូមិបឹងកន្សែង សង្កាត់ឡាបានសៀក ក្រុងបានលុង ក៏បានឲ្យដឹងដែរថា ក្នុងមូលដ្ឋានពួកគាត់មានសង្វៀនបញ្ជល់មាន់និងវង់អាប៉ោងយូគីបើកលេងតាមអំពើចិត្ត ហើយមានអ្នកចូលរួមលេងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋបានលើកឡើងថា បើគ្មានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទេនោះគឺល្បែងស៊ីសងខុសច្បាប់មិនអាចប្រព្រឹត្តយ៉ាងពេញបន្ទុកបានឡើយ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងសង្កាត់ឡាបានសៀក និងសង្កាត់យក្ខឡោម បានឲ្យដឹងថា ដោយសារល្បែងស៊ីសងខុសច្បាប់នោះហើយទើបបច្ចុប្បន្នក្នុងមូលដ្ឋានពួកគាត់កើតមានអំពើចោរកម្មនិងបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាច ចំណែកមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសម្ងំស្ងាត់ឈឹង។
ប្រជាពលរដ្ឋក្នុងសង្កាត់ឡាបានសៀក បានឲ្យដឹងថា សង្វៀនបញ្ជល់មាន់និងវង់អាប៉ោងយូគី ក្នុងភូមិបឹងកន្សែងបិទបានតែ៣ថ្ងៃ ក៏បើកដំណើរការឡើងវិញយ៉ាងរលូនហើយមានអ្នកចូលលេងច្រើនជាងមុនទៅទៀត។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យឡើងវិញជាបន្ទាន់អំពីបញ្ហានេះហើយមិនគួរមើលរំលងភាពអសកម្មរបស់លោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី នោះទេ៕