លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​​ជា​លក្ខខណ្ឌ​ប្រព័ន្ធ​

កណ្តាល​, ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ​២០២១ (​ម៉ោង 2:30)
​ដោយ​៖ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍​ស្និទ្ធ​នឹង​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង បានឲ្យដឹងថា ចាប់តាំងពី​ទទួល​បាន​តែង​ជា​មេ​គយ​ខេត្ត​ស្វាយរៀង កាល់ពី​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ រហូតមកដល់​ពេលនេះ​គឺ​លោក ហេង សំបូរ បណ្តោយ​ឲ្យ​លោក ឃុត សា​លីន មេ​គយ​ច្រក​បុស​មន និង​មេៗ​គយ​តាម​ច្រក​ដទៃ​ទៀត​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

​សេចក្តីរាយការណ៍​បានឲ្យដឹង​ទៀត​ថា លោក ហេង សំបូរ បាន​យក​ជំនាញ​ពុករលួយ​កាល​នៅ​ធ្វើ​ជា​មេ​គយ​ខេត្ត​កំពត មក​អនុវត្តន៍​នៅក្នុង​ខេត្ត​ស្វាយរៀង យ៉ាង​រលូន​ព្រោះ​អាង​មាន​លោក គុណ ញឹម អគ្គនាយក​គយ ជា​បង្អែក​ដ៏​ក្រាស់ឃ្មឹក​។ ហេតុនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យ​ឡើងវិញ​ខ្លះ​ផង ព្រោះ​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង កំពុង​សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​យ៉ាង​ពេញបន្ទុក​។​

​បើតាម​សេចក្តីរាយការណ៍​បង្ហើប​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ស្វាយរៀង មួយចំនួន​បានឲ្យដឹងថា បច្ចុប្បន្ន​លោក ឃុត​សា​លីន ប្រធានការិយាល័យ​គយ​ច្រក​បុស​មន នៅតែ​ប្រព្រឹត្ត​អំពើពុករលួយ​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់​ប​ន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​គឃ្លើន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

ចំណែក​ប្រជាពលរដ្ឋ​និង​ក្រុម​អាជីវករ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​បុស​មន ត្រូវបាន​លោក ឃុត សា​លីន និង​បក្ខពួក​គាប​យក​លុយ​លើ​តុ​ក្រោម​តុ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​គ្មាន​ចេញ​បង្កាន់ដៃ​ឬ​វិក្កប​ត្រ​បង់​លុយ​នោះ​ទេ​។ ប្រភព​ស្និទ្ធ​នឹង​លោក ឃុត សា​លីន មេ​គយ​ច្រក​បុស​មន បានឲ្យដឹងថា បច្ចុប្បន្ន​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង កំពុង​ក្លាយទៅជា​បង្អែក​រឹងមាំ​របស់​លោក ឃុត សា​លីន រួច​បណ្តោយ​ឲ្យ​លោក ឃុត សា​លីន ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​សុខ​ស្រួល​ដដែល​។​

​សេចក្តីរាយការណ៍​ស្និទ្ធ​នឹង​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង បានឲ្យដឹងថា ចាប់តាំងពី​លោក ហេង សំបូរ ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តស្វាយរៀង ជំនួស​លោក ខៀវ សារឿ​ន ដែល​ទៅធ្វើជា​មេ​គយ​ខេត្តកំពង់ធំ គឺ​លោក ហេង សំបូរ ប្រព្រឹត្ត​អំពើ​ពុករលួយ​ខ្លាំង​ជាង​លោក ខៀវ សារឿ​ន ទៅទៀត​។ ប្រភព​បានឲ្យដឹង​ទៀតថា លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង បើកដៃ​ឲ្យ​លោក ឃុត សា​លីន មេ​គយ​ច្រក​បុស​មន ក៏ដូចជា​លោក ចាន់ តារា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ និង​មេៗ​គយ​តាម​ច្រក​ព្រំដែន​ជាច្រើន​កន្លែង​ទៀត​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ហេតុនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិន​គួរ​មើលរំលង​អំពើពុករលួយ​របស់​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង នោះ​ឡើយ​ហើយ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ហេង សំបូរ ផងដែរ​៕