លោក នុត លី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ៤ ប្រព្រឹត្តអំពើពុករលួយជាលក្ខណៈប្រព័ន្ធ
កណ្តាល, ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ២០២១ (ម៉ោង 2:30)
ដោយ៖ ថៃ ប៊ុនរិទ្ធ
សេចក្តីរាយការណ៍ពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ៤ ភូមិស្ទឹងសំរោង ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានឲ្យដឹងថា លោក នុត លី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល និងមន្ត្រីក្រោមឱវាទនៅតែប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងរលូន។ សេចក្តីរាយការណ៍បានឲ្យដឹងទៀតថាទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់លោក នុត លី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល និងបក្ខពួកមិនអាចតវ៉ាបានឡើយ។
ចំណែកម្ចាស់រថយន្តធំៗផ្ទុកទំនិញលើសទម្ងន់ដឹកខ្សាច់ដឹកថ្មលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថា នីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល យ៉ាងរលូនឲ្យតែម្ចាស់រថយន្តទាំងនោះបង់លុយតាមការកំណត់របស់លោក នុត លី និងមន្ត្រីក្រោមឱវាទ។
សេចក្តីរាយការណ៍ស្និទ្ធនឹងលោក នុត លី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល បានឲ្យដឹងទៀតថា ការដែលលោក នុត លី ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការបើកដៃពីសំណាក់លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ ផងដែរ។
បញ្ហានេះគឺជារឿងដែលលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនព្រមលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស គួរពិនិត្យឡើងវីញជាបន្ទាន់ ហើយចាត់វិធានការទប់ស្កាត់ខ្លះផង។ ដោយហេតុថា រឿងអាស្រូវពុករលួយពេញទំហឹងរបស់លោក នុត លី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល និងមន្ត្រីក្រោមឱវាទត្រូវបានក្រុមឈ្មួញនិងក្រុមអាជីវករលាតត្រដាងជាបន្តបន្ទាប់រួចទៅហើយ។
បើតាមសេចក្តីរាយការណ៍បង្ហើបពីមន្ត្រីរាជការក្នុងមន្ទីរសាធារណការខេត្តព្រះសីហនុ បានឲ្យដឹងថា អំពើពុករលួយរបស់លោក នុត លី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ជាប្រភពចំណូលរបស់លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា បើគ្មានការបើកដៃពីលោក បូរី វង្សានិត ទេនោះគឺលោក នុត លី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលមិនហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយស្រេចតែអំពើចិត្តដូចសព្វថ្ងៃនេះឡើយ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសបានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលរឿងអាស្រូវពុករលួយរបស់លោក នុត លី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ត្រូវបានលាតត្រដាងជាសាធារណៈ៕