
លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប មានខ្នងបង្អែករឹងមាំប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក
កណ្តាល, ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ២០២១ (ម៉ោង 2:30)
ដោយ៖ ថៃ ប៊ុនរិទ្ធ
សេចក្តីរាយការណ៍ពីមន្ត្រីគយក្នុងខេត្តសៀមរាប មួយចំនួនបានបង្ហើបឲ្យដឹងថា ទោះបីរឿងអាស្រូវពុករលួយរបស់លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយក៏លោក គុណ ញឹម អគ្គនាយកគយធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ហេតុនេះហើយទើបលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកគ្មានញញើតអ្វីទាំងអស់។
ឈ្មួញធំៗអាចដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ឬទំនិញខុសច្បាប់ពីច្រកព្រំដែនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ចូលមកស្តុកទុកនិងលក់ចែកចាយពេញទីផ្សារក្នុងក្រុងសៀមរាប តែម្តង។
សេចក្តីរាយការណ៍ពីក្រុមឈ្មួញនិងក្រុមអាជីវករមួយចំនួនបានឲ្យដឹងថាការដែលពួកគេអាចដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ខ្មែរ-ថៃ ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ចូលដល់ក្រុងសៀមរាប គឺត្រូវបង់លុយតាមការកំណត់របស់លោក ម៉ៅ សាមឿនមេគយចល័តខេត្តសៀមរាប និងលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប ផងដែរ។ គ្មានឈ្មួញណាហ៊ានតវ៉ាជាមួយលោក ម៉ៅ សាមឿន និងលោក សុខ សុដារ៉ា នោះឡើយព្រោះលោក សុខ សុដារ៉ា តែងយកឈ្មោះលោក គុណ ញឺម អគ្គនាយកគយ ដើម្បីបិទបាំងទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួន ។ ឈ្មួញទាំងអស់សុទ្ធតែសុំការយោគយល់ពីសំណាក់លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន ដើម្បីឲ្យអាជីវកម្មរបស់ពួកគេប្រព្រឹត្តទៅដោយរលូនគ្មានការរំខាន។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប បានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះឈ្មួញអាចដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ពីច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចូលដល់ក្រុងសៀមរាប យ៉ាងសុខស្រួល។ ចំណែកលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាបនិងលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប សម្ងំទទួលផលប្រយោជន៍យ៉ាងសុខស្រួលព្រោះអាងមានខ្នងបង្អែករឹងមាំ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះច្រើនឆ្នាំមកហើយដែលលោក គុណ ញឹម អគ្គនាយកគយ បណ្តោយឲ្យលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាបធ្វើអ្វីៗតាមអំពើចិត្ត៕