ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង គាំទ្រ​ការរីកចម្រើន វិស័យ​បាល់ទាត់ នៅ​សាលា​បាក់​ទូក​!

ដោយ ៖ ភិន ចន្ទ័សុភឿន | សារព័ត៌មាន គតិយុត្តិ
http://kty.metkhmer.club Tel:  ០៩៦៥១៤៤០៩៨

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ លោកគ្រូ​អ្នកគ្រូ​ចូលនិវត្តន៍ និង​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ប្រើប្រាស់​ជា​ផ្លូវការ​ទីលាន​បាល់ទាត់​នៃ​វិទ្យាល័យ​បាក់​ទូក ក្រោយពី​បាន​រៀបចំ​កែលម្អ​បន្ថែម​ជាថ្មី ក្រោម​កិច្ចសហការ​ជាមួយ​ដៃគូរ​អភិវឌ្ឍន៍​ដែល​មាន​បទពិសោធន៍​រៀបចំ​តារាង​បាល់ទាត់ ក្រាល​ស្មៅ​សិប្ប​និមិត្ត​។​

ក្នុងឱកាស​នោះ ក៏​មាន​ការចូលរួម​ពី ឯកឧត្តម ឌួង មាស​ចម្រើន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កីឡា ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរ​អប់រំ យុវជន​និង​កីឡា រាជធានី​ភ្នំពេញ លោក តូច កន្តាល់ នាយក​វិទ្យាល័យ​បាក់​ទូក លោក​បណ្ឌិត អ៊ឹម​សុធារិទ្ធ តំណាង​ក្រុមហ៊ុន ជីប ម៉ុង លោក សោម សុ​និមិត្ត តំណាង​ដៃគូ​អភិវឌ្ឍ​តារាង​បាល់ទាត់ និង លោក លោកស្រី នាយករង​-​បុគ្គលិក​សិក្សា អតីត​លោកគ្រូ​អ្នកគ្រូ អតីត​សិស្ស សាលា​បាក់​ទូក នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ គណ​:​កម្ម​ការរៀបចំ​ការប្រកួត ក្រុម​កីឡាករ​បាល់ទាត់ ព្រមទាំង​ក្មួយៗ សិស្សានុសិស្ស​ជា​ច្រើន​រូប​ទៀត​។​

លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មាន​ប្រសា​ស​ថា ការជ្រើសរើស​ដៃគូ​អភិវឌ្ឍន៍ របស់​គណៈកម្មការ ទ្រទ្រង់​សាលា គណៈនាយក​សាលា និង​ក្រុមបច្ចេកទេស នៃ​សាលា​បាក់​ទូក មក​អភិវឌ្ឍន៍​នូវ​តារាង​បាល់ទាត់ គឺជា​ការ រីកចម្រើន​ថ្មី​មួយ​របស់​សាលា​ស្រប​តាម​ការរីកចម្រើន​របស់​ប្រទេសជាតិ នា​សម័យ​បច្ចុប្បន្ន ដែលមាន​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ គតិបណ្ឌិត ដូច្នេះ​លោក​សង្ឃឹមថា តារាង​បាល់ទាត់​មួយ​នេះ នឹង​បាន​ជា​ប្រយោជន៍ ដល់​ប្អូនៗ​យុវជន​ជំនាន់​ក្រោយ ក្នុង​ការលើកស្ទួយ​វិស័យ​បាល់ទាត់​ឲ្យ​រីកចម្រើនត​ទៅ និង​ជួយ​លើកមុខ​លើក​មាត់ ប្រទេសជាតិ​យើង នៅលើ​ឆាក​អន្តរជាតិ​។​

​បន្ទាប់​ពី​កាត់​ខ្សែបូរ សម្ពោធ​ទីលាន​បាល់ទាត់​រួច គណអធិបតី និង​ភ្ញៀវ​កិត្តិយស​ទាំងអស់ បាននាំគ្នា​ទស្សនា ការប្រកួត​ផ្តាច់​ព្រ័ត យក​ចំណាត់ថ្នាក់​លេខ​១ លេខ​២ និង​លេខ​៣ រហូត​ចប់​កា​ប្រកួត និង​បាន​ប្រគល់​មេដាយ​ពានរង្វាន់​ជ័យលាភី​ដល់​ក្រុម​កីឡាបាល់ទាត់​ទាំង​៣​ចំណាត់​ថ្នាក់​ខាងលើ មាន មេដាយមាស ប្រាក់ និង​សំរិទ្ធ ថវិកា​លើកទឹកចិត្ត មី ភេសជ្ជៈ​មួយចំនួន និង​បាល់ទាត់ ផងដែរ​៕