អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​០១​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​០១​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​។

​ជនសង្ស័យ​មាន​ឈ្មោះ មឿន រស្មី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​រោង​កម្មករ​ក្នុង​បុរី​មួយកន្លែង ក្នុង​ភូមិ​ក្តី​តាកុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​នាពេល​នេះ​ធ្វើឡើង​តប​តាម​បណ្តឹ​របស់​នារី​រងគ្រោះ ដោយ​ប្តឹង​ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​។​

​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​០៣​ទៀប​ភ្លឺ ថ្ងៃ​ទ​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដោយ​ខ្លួន​គេង​ពុំ​លក់ ខ្លួន​ក៏​ងើប​ដើរ​សំដៅទៅ​បន្ទប់​របស់​នារី​រងគ្រោះ​ដែល​ជា​កម្មករសំណង់​ជាមួយគ្នា ពេល​ដើរ​ទៅ​ដល់​មុខ​បន្ទប់​របស់​នាង​ឃើញ​បន្ទប់​បាន​បិទ​ជិត ខ្លួន​ក៏​ចូល​ទៅ​ហែក​ទ្វារ​ដើម្បី​លូន​ចូល​ទៅក្នុង​បន្ទប់​របស់​នារី​រងគ្រោះ ហើយក៏ ឃើញ​នាង​កំពុង​គេង​ម្នាក់ឯង ឆ្លៀត​ឱកាស​ល្អ​ខ្លួន​បាន​ស្ទុះ​ទៅ​ឱប​នាង​ពីលើ ស្រាប់តែ​នាង​ដឹង​ខ្លួន​បាន​ចាប់​កអាវ​ខ្លួន​ជាប់ និង​ស្រែក​ឲ្យគេ​ជួយ ហើយក៏​មាន​បុរស​ម្នាក់​ជា​មេជាង​ដែល​គេង​នៅ​បន្ទប់​ក្បែរ​នោះ​រត់​មក​ជួយ​ចាប់​រូប​ខ្លួន​ប្រគល់ឲ្យ​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ​តែម្តងទៅ​។ ហើយ​ជនសង្ស័យ​ខាងលើ​នេះ​ធ្លាប់បាន​ប្រើប្រាស់​គ្រឿងញៀន​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មកហើយ​៕